John 17

សេចក្ដីអធិស្ឋានរបស់ព្រះយេស៊ូ

1កាល​ព្រះ​យេស៊ូមានបន្ទូល​អំពី​សេចក្ដី​ទាំងនេះ​រួច​ហើយ​ក៏ងើយ​ព្រះ​នេត្រទៅលើមេឃ​ទាំង​មានបន្ទូលថា៖ ​«ឱ​ព្រះ​វរ​បិតាអើយ! ​ពេលកំណត់បានមកដល់​ហើយ​សូម​លើក​តម្កើង​ព្រះ​រាជ​បុត្រា​របស់​ព្រះអង្គឡើងដើម្បី​ឲ្យ​ព្រះ​រាជ​បុត្រា​បាន​តម្កើងព្រះអង្គ​ដែរ 2ដ្បិតព្រះអង្គ​បាន​ប្រទានសិទ្ធិអំណាច​ដល់​ព្រះ​រាជ​បុត្រា​លើ​មនុស្សទាំងអស់ដើម្បី​ឲ្យ​ព្រះ​រាជ​បុត្រា​ប្រទានជីវិតអស់កល្បជានិច្ច​ដល់​អស់អ្នកដែល​ព្រះ​វរ​បិតា​បាន​ប្រទាន​ដល់​ព្រះ​រាជ​បុត្រា 3ហើយជីវិតអស់កល្បជានិច្ចនោះគឺ​ឲ្យ​ពួកគេ​ស្គាល់ព្រះអង្គ​ដែល​ជាព្រះ​ដ៏​ពិតតែមួយនិង​ព្រះ​យេស៊ូគ្រិស្តដែលព្រះអង្គ​បាន​ចាត់ឲ្យមក 4ខ្ញុំបានតម្កើងព្រះអង្គនៅផែនដីនេះ​ហើយ​ខ្ញុំ​ក៏​បាន​បង្ហើយកិច្ចការដែល​ព្រះអង្គ​បាន​ប្រគល់ឲ្យខ្ញុំធ្វើ​ដែរ 5ដូច្នេះឱ​ព្រះ​វរ​បិតាអើយ! ​សូម​តម្កើងខ្ញុំជាមួយព្រះអង្គដោយសិរីរុងរឿងដែល​ខ្ញុំ​ធ្លាប់​មានជាមួយព្រះអង្គតាំង​ពី​មុនកំណើតពិភពលោក 6ខ្ញុំបាន​បង្ហាញឲ្យពួកអ្នកដែល​ព្រះអង្គ​បាន​ជ្រើសរើស​ពីលោកិយប្រទានឲ្យខ្ញុំ​នោះ​បាន​ស្គាល់ព្រះនាម​របស់​ព្រះអង្គ​ហើយ។ ​ពួក​អ្នក​ទាំងនោះ​ជា​របស់​ព្រះអង្គ​ហើយ​ព្រះអង្គ​បាន​ប្រទានពួកគេឲ្យខ្ញុំរួច​ពួកគេ​បាន​កាន់តាមព្រះបន្ទូល​របស់​ព្រះអង្គ 7ឥឡូវនេះពួកគេ​ដឹង​ហើយ​ថា​អ្វីៗ​ទាំងអស់ដែល​ព្រះអង្គ​បាន​ប្រទានឲ្យខ្ញុំគឺមកពីព្រះអង្គ 8ដ្បិតព្រះបន្ទូលដែល​ព្រះអង្គ​បាន​ប្រទានឲ្យខ្ញុំ​នោះ​ខ្ញុំ​បាន​ឲ្យពួកគេហើយពួកគេ​ក៏​ទទួលយកទាំងដឹងច្បាស់ថា​ខ្ញុំ​បាន​មកពីព្រះអង្គនិងជឿថាព្រះអង្គ​បាន​ចាត់ខ្ញុំឲ្យមក​មែន។ 9ហើយខ្ញុំសុំសម្រាប់ពួកគេមិន​មែន​សម្រាប់លោកិយនេះទេគឺសម្រាប់​អស់​អ្នកដែល​ព្រះអង្គ​បាន​ប្រទានឲ្យខ្ញុំព្រោះ​ពួកគេ​ជា​របស់​ព្រះអង្គ 10រីឯអ្វីៗទាំងអស់​ដែល​ជា​របស់ខ្ញុំ​គឺ​ជា​របស់​ព្រះអង្គហើយអ្វីៗ​ដែល​ជា​របស់​ព្រះអង្គ​ក៏​ជា​របស់​ខ្ញុំ​ដែរ​ដូច្នេះ​ខ្ញុំ​ត្រូវបាន​តម្កើងឡើងក្នុងចំណោមពួកគេ 11ពួកគេនៅក្នុងលោកិយនេះរីឯ​ខ្ញុំ​មិននៅក្នុងលោកិយនេះ​ទៀត​ទេ​ដ្បិត​ខ្ញុំ​នឹង​ទៅព្រះអង្គ។ ​ឱ​ព្រះ​វរ​បិតាដ៏បរិសុទ្ធអើយ! ​សូម​រក្សា​អស់​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំនៅក្នុង​ព្រះ​នាម​របស់​ព្រះអង្គដើម្បី​ឲ្យ​ពួកគេ​ត្រលប់ជាតែមួយដូចយើង 12ដ្បិតពេល​ខ្ញុំ​នៅជាមួយពួកគេខ្ញុំ​បាន​រក្សាពួកគេនៅក្នុង​ព្រះ​នាម​របស់​ព្រះអង្គដែល​ព្រះអង្គ​បាន​ប្រទានឲ្យខ្ញុំ។ ​ខ្ញុំ​បាន​រក្សាពួកគេហើយគ្មាន​អ្នកណា​ម្នាក់​ក្នុងចំណោមពួកគេវិនាសឡើយលើកលែងតែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​វិនាសដើម្បី​ឲ្យ​សម្រេចតាមបទគម្ពីរ 13ឥឡូវនេះខ្ញុំ​ត្រូវ​ទៅព្រះអង្គហើយ​ខ្ញុំ​ប្រកាសនៅក្នុងលោកិយនេះ​អំពី​សេចក្ដី​ទាំងនេះដើម្បី​ឲ្យ​ពួកគេ​មានអំណរ​របស់​ខ្ញុំពេញបរិបូរនៅក្នុងពួកគេ 14ខ្ញុំបាន​ឲ្យព្រះបន្ទូល​របស់​ព្រះអង្គ​ដល់​ពួកគេហើយលោកិយនេះ​បាន​ស្អប់ពួកគេព្រោះពួកគេមិនមែនជារបស់លោកិយនេះដូចដែលខ្ញុំមិនមែនជារបស់លោកិយនេះ​ដែរ 15ហើយខ្ញុំ​មិនសុំព្រះអង្គ​ឲ្យ​ដក​យកពួកគេចេញពីលោកិយនេះទេគឺ​សុំ​ព្រះអង្គ​រក្សាពួកគេ​ឲ្យ​រួច​ផុត​ពីអារក្ស​សាតាំង 16ដូច្នេះពួកគេមិនមែនជារបស់លោកិយនេះ​ដូច​ដែលខ្ញុំមិនមែនជារបស់លោកិយនេះ​ដែរ 17សូមញែកពួកគេ​ជា​បរិសុទ្ធដោយសេចក្ដីពិត​ដ្បិត​ព្រះ​បន្ទូល​របស់​ព្រះអង្គជាសេចក្ដីពិត 18ខ្ញុំចាត់ពួកគេឲ្យទៅក្នុងលោកិយនេះ​ដូច​ដែល​ព្រះអង្គ​បាន​ចាត់ខ្ញុំឲ្យមកក្នុងលោកិយនេះ​ដែរ។ 19រីឯខ្ញុំវិញ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធសម្រាប់ពួកគេដើម្បី​ឲ្យ​ពួកគេត្រូវបាន​ញែក​ជា​បិរសុទ្ធដោយសេចក្ដីពិតដែរ 20ខ្ញុំមិនសុំសម្រាប់តែ​អ្នក​ទាំងនេះប៉ុណ្ណោះទេគឺសម្រាប់​អស់​អ្នកដែល​បាន​ជឿខ្ញុំដោយសារពាក្យ​របស់​ពួកគេដែរ 21ដើម្បីឲ្យ​ទាំងអស់គ្នាត្រលប់ជាតែមួយ​ឱ​ព្រះ​វរ​បិតាអើយ! ​ព្រះអង្គនៅក្នុងខ្ញុំ​ហើយ​ខ្ញុំនៅក្នុងព្រះអង្គជាយ៉ាងណា​សូម​ឲ្យពួកគេនៅក្នុងយើង​យ៉ាងនោះ​ដែរដើម្បី​ឲ្យ​លោកិយនេះជឿថាព្រះអង្គ​បាន​ចាត់ខ្ញុំឲ្យមក​មែន។ 22សិរីរុងរឿងដែល​ព្រះអង្គ​បាន​ប្រទានឲ្យខ្ញុំ​ខ្ញុំ​បាន​ឲ្យពួកគេដើម្បី​ឲ្យ​ពួកគេ​បាន​ត្រលប់ជាតែមួយដូចយើងជាតែមួយដែរ 23គឺខ្ញុំនៅក្នុងពួកគេហើយព្រះអង្គនៅក្នុងខ្ញុំដើម្បី​ឲ្យ​ពួកគេ​បាន​គ្រប់លក្ខណ័រហូតត្រលប់ជាតែមួយដូច្នេះលោកិយនេះ​អាច​ដឹងថាព្រះអង្គ​បាន​ចាត់ខ្ញុំឲ្យមកហើយ​ព្រះអង្គ​ស្រលាញ់ពួកគេ​ដូច​ដែល​ព្រះអង្គ​ស្រលាញ់ខ្ញុំ​ដែរ។ 24ឱព្រះ​វរ​បិតាអើយ! ​ខ្ញុំ​ចង់ឲ្យ​អស់អ្នក​ដែល​ព្រះអង្គ​បាន​ប្រទានឲ្យខ្ញុំនៅជាមួយខ្ញុំ​ក្នុង​កន្លែងដែលខ្ញុំនៅដើម្បី​ឲ្យ​ពួកគេ​ឃើញសិរីរុងរឿងដែល​ព្រះអង្គ​បាន​ប្រទានឲ្យខ្ញុំដ្បិត​ព្រះអង្គ​បាន​ស្រលាញ់ខ្ញុំតាំង​ពី​មុនកំណើតលោកិយ 25ឱព្រះ​វរ​បិតាដ៏សុចរិតអើយ! ​លោកិយមិនស្គាល់ព្រះអង្គទេប៉ុន្តែខ្ញុំស្គាល់ព្រះអង្គរីឯ​អ្នក​ទាំងនេះ​ក៏​ដឹងថាព្រះអង្គ​បាន​ចាត់ខ្ញុំឲ្យមក​ដែរ 26ដ្បិតខ្ញុំ​បាន​ធ្វើ​ឲ្យ​ពួកគេស្គាល់ព្រះនាម​របស់​ព្រះអង្គហើយ​ធ្វើ​ឲ្យ​ពួកគេ​ដឹងថា​សេចក្ដី​ស្រលាញ់ដែល​ព្រះអង្គ​បាន​ស្រលាញ់ខ្ញុំ​មាន​នៅក្នុងពួកគេ​ហើយ​ខ្ញុំ​ក៏​នៅក្នុងពួកគេដែរ»។
Copyright information for KhmKCB